ក្រសួងកសិកម្ម បកស្រាយពីការធ្លាក់ចុះនៃតម្លៃស៊ុតទា ក្រោម៣០០រៀល ក្នុង១គ្រាប់
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីពន្យល់អំពីមូលហេតុ នៃការធ្លាក់ចុះនៃតម្លៃស៊ុតទា ដល់ក្រោម៣០០រៀល ក្នុង១គ្រាប់។
ក្រសួងកសិកម្ម បានពិនិត្យឃើញថា សាធារណជន ពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្តល់យោបល់ ជាមួយគណនី ហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ករណីស៊ុតចុះថោកក្រោម ៣០០រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់មួយចំនួននេះ មានការលើកឡើងថា បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឲ្យផលិតផលស៊ុត ដែលផលិតបាននៅក្នុងស្រុកមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។
ទាក់ទងនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមបញ្ជាក់ ជូនសាធារណជនថា៖
១៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារកម្ពុជាឡើយ។
២៖ ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតា មិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀល ក្នុងមួយគ្រាប់ ចំណែកឯនៅប្រទេសវៀតណាម តម្លៃ៣០០រៀលក្នុងមួយគ្រាប់។
៣៖ ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយ ជាអតិបរិមានៅពេលដែលការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរ មកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ។
៤៖ ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់-ទាពីប្រទេសជិតខាង សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ៕SP