នារសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICA ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះដែរសម្រេចក្រឡាហោម ស ខេង បានធ្វើការស្វាគមន៍និងអបអរសារទចំពោះលោកស្រីKAMEI Harukoដែលបានទទួលដំណែងជាប្រធានតំណាងថ្មីនៃJICAប្រចាំនៅកម្ពុជា ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលជួយជ្រុមជ្រែងដល់ដំណើរការស្វែងរកសន្តិភាព ស្តារនិងអភិវឌ្ឍនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអរគុណដល់អង្គការJICAដែលបានជួយដល់ក្រសួងមហាផ្ទៃតាមរយៈការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលនេះជាការរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការជឿជាក់ថានៅក្នុងអណត្តិរបស់លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAកម្ពុជានឹងជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងមហាផ្ទៃនិង អង្គការJICAឱ្យកាន់តែល្អប្រសើរឡើង។

ជាការឆ្លើយតបលោកស្រី លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAប្រចាំកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេងជាមួយគ្នានេះលោកស្រីបានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជុំវិញស្ថានការណ៍នៃជំងឺកូវីដ១៩ និងថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃដែលបានសម្រួលដល់ការចូលមកបំពេញការងាររបស់ក្រុមការងារJICAមកកម្ពុជា។

ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្សលោកស្រីបានឱ្យដឹងដែរថា JICAកំពុងតែសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ និងក្រោមជាតិ ដោយឡែកចំពោះគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លោកស្រីយល់ឃើញថា ការជួយបណ្តុះបណ្តាលសមត្ថភាពពិតជាមានសារៈសំខាន់ណាស់ដល់គោលនយោបាយនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តការរបស់អង្គការ JICA លើគម្រោងនៃការបណ្តុះបណ្តាលធនធានមនុស្ស ។ជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការបើទោះបីជាជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំប្រឹងប្រែង ដែលបង្ហាញឱ្យឃើញតាមរយៈ សមទ្ធិផលដូចជា ការរៀបចំការបោះឆ្នោត និងលទ្ធផលនានាដែរសម្រេចបានក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំ។សម្តេចចក្រឡាហោម ស ខេង បានឱ្យដឹងដែរថា នៅពេលនេះ កម្មវិធីជាតិរយៈពេល១០ឆ្នាំនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការគឺបានបញ្ចប់ហើយ ដោយរាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធី១០ឆ្នាំបន្តទៀតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដែលផ្តោតសំខាន់ចំនួនពីរ ទី១ គឺការផ្ទេរសិទ្ធិអំណាចនិងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២គឺការលើកកម្ពស់សមត្ថិភាពធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។បច្ចុប្បន្នក្រសួងមហាផ្ទៃក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ តាមរយៈការសហការជាមួយដៃគូរអភិវឌ្ឍននានា សាងសង់សាលាបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិលនិងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសហការីរបស់លោកស្រីកំពុងតែសហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃក្នុងកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយលោកស្រីក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សម្តេចក្រឡាហោម ក្នុងការអភិវឌ្ឍនធនធានមនុស្សដើម្បីបម្រើដល់ការធ្វើកំណែរទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ