បើយោងតាមគេហទំព័រសុខភាព WebMD ការគេងមិនលក់ ឬមិនបានគ្រប់គ្រាន់ និងធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យសុខភាពជាច្រើនដូចជា ៖គាំងបេះដូង ចង្វាក់បេះដូងលោតមិនទៀងទាត់ សម្ពាធឈាមខ្ពស់ ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ស្បែកមិនស្អាត រួមជាមួយកត្តាជាច្រើនផ្សេងទៀត។ មិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ តែវាក៏បង្ករផលមិនល្អដល់ការងារប្រចាំថ្ងៃរបស់អ្នក ថែមទាំងអាចបង្ករជាគ្រោះថ្នាក់នៅលើដងផ្លូវ មិនចាញ់ឥទ្ធិពលគ្រឿងស្រវឹងនោះឡើយ។

ដូច្នេះហើយ ដើម្បីឲ្យខ្លួនអ្នកអាចគេងលក់ ថែមទាំងបានស្កប់ស្កល់ឆ្អែតគ្រប់គ្រាន់ ជៀសវាងបានពីបញ្ហាទាំងអស់ខាងលើ អ្នកគប្បីអនុវត្តនូវវិធីមួយដូចជា៖

១ រៀបចំកន្លែងគេងឲ្យមានផាសុខភាព៖ បរិយាកាសកន្លែងគេង គឺពិតជាសំខាន់ណាស់ ដើម្បីជួយអ្នកឲ្យគេងយប់បានលក់ស្រួល។ អ្នកត្រូវរៀបចំបន្ទប់គេងឲ្យមានសណ្ដាប់ធ្នាប់ ផ្លាស់ប្ដូរកម្រាលពូក មុង ភួយឲ្យបានញឹកញាប់ រក្សាសីតុណ្ហភាពឲ្យថេរ មិនក្ដៅពេកឬត្រជាក់ពេក ដើម្បីជាជំនួយដល់ដំណេកពេលយប់របស់អ្នក។ 

២ ឧស្សាហ៍ធ្វើលំហាត់ប្រាណ៖ គួរហាត់ប្រាណ បើអាចឲ្យបានជាប្រចាំជាការល្អ ពី២០-៣០នាទី ជាពិសេសនៅពេលព្រឹក ព្រោះវានឹងជួយឱ្យសុខភាពរាងកាយរឹងមាំ គេងលក់ស្រួលនៅពេលយប់។

៣ កំណត់ទម្លាប់គេងឲ្យបានទៀងទាត់៖អ្នកគួរតែកំណត់ពេលវេលាគេងឲ្យបានទៀងទាត់ ដើម្បីអាចរក្សាប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកឲ្យមានសុខភាពល្អ។ លើសពីនេះ មិនត្រូវគិតរឿងស្មុគស្មាញច្រើនឡើយ ហើយប្រសិនបើគេងមិនលក់ អ្នកអាចជ្រើសរើសការអានសៀវភៅបន្តិច នោះនឹងអាចជួយឲ្យអ្នកគេងលក់ស្រួល។

៤ ទទួលទានទឹក និងអាហារពេលល្ងាចឲ្យត្រឹមត្រូវ៖ អ្នកគួរទទួលទានអាហារក្នុងបរិមាណមួយដែលត្រឹមត្រូវ ពិសេសនៅពេលល្ងាច។ តែយ៉ាងណា អ្នកគួរជៀសវាងទទួលទានច្រើនពេក ហឹរពេក ឬអាហារដែលមានជាតិជូរខ្លាំង ព្រោះវាអាចបណ្ដាលឲ្យរលាកបេះដូង និងពិបាកកិនរំលាយពេលជិតចូលដំណេក។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារផ្ទុកជាតិស្ករ និងស្ករសុទ្ធដូចជានំប៉័ង បាយ និង មី គុយទាវ ជាដើម ព្រោះវាអាចបណ្ដាលឲ្យស្មារតីស្វាង មិនងងុយគេង។ ពិសាភេសជ្ជៈក្តៅឧណ្ហៗ ក៏ដូចជាទឹកក្ដៅឧណ្ហៗមុនពេលចូលគេង ។ល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ