ក្រសួងអប់រំមិនអាចធ្វើតាមសំណើរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា លើការស្នើសុំឲ្យសិស្សថ្នាក់ទី១២ជាប់ដោយស្វ័យប្រវត្តិ ដោយយកពិន្ទុនៅក្នុងថ្នាក់រៀនជាគោលនោះទេ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថាក្រសួងអប់រំយុវជន និងកីឡា បានទទួលគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយត្រូវលើកពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ អាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ១៩ កំពុងបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ក្រសួងអប់រំនៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់សម័យប្រឡងក្នុងខែមករា ឆ្នាំ២០២១នៅឡើយទេ។
លោករស់ សុវាចា មិនអត្ថាធិប្បាយឆ្លើយតបជុំវិញសំណើលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សា ដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយថា លោកបានស្នើសុំក្រសួងអប់រំយុវជន និងកីឡាឲ្យសិស្សថ្នាក់ទី១២ កុំបន្តលើកពេលប្រឡង ហើយពិចារណាឲ្យសិស្សថ្នាក់ទី១២ជាប់ដោយស្វ័យប្រវត្តិ ដោយយកពិន្ទុនៅក្នុងថ្នាក់រៀនជាគោល។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានពន្យល់យ៉ាងដូច្នេះថា «ក្រសួងអប់រំយុវជន និងកីឡា បានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពន្យាពេលនៃប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ដោយសារតែមានភាពមិនច្បាស់លាស់ នៃការវិវត្តនៃជំងឺកូវីដ១៩ នៅកំឡុងពេលចុងក្រោយនេះ»។
លោក រស់ សុវាចា បានថ្លែងឲ្យដឹងបន្តថា «នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា និងធ្វើការវាយតំលៃថា ការវិវត្តនៃជំងឺកូវីដ១៩ ដើម្បីសម្រេចថា ការគ្រោងទុកនៃការប្រឡងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១នោះ អាចប្រព្រឹត្តទៅបានឬមួយក៏យ៉ាងណា ក្នុងករណីការប្រឡងបាក់ឌុបប្រព្រឹត្តទៅតាមការគ្រោងទុក នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ក្រសួងអប់រំយុវជន និងកីឡា នៅរក្សាលំនាំដើមនៃដំណើរការប្រឡង ទាំងបច្ចេកទេស និងនីតិវិធីនៃការប្រឡង»៕