តិចនិចសំខាន់ៗ ៦យ៉ាងដែលអ្នកអាចអនុវត្តបន្ថែម ហើយវាអាចជាចំណែកមួយជួយឱ្យការមើលមេរៀនរបស់អ្នក កាន់តែងាយចងចាំរួមមាន៖

1. ជ្រើសរើសពេលវេលា និងបរិយាកាសរៀនឱ្យបានត្រឹមត្រូវ៖ ពេលវេលារៀនក៏ជាកត្តាដែលមានឥទ្ធិពលដល់ការរៀនរបស់អ្នកដែរ។ អ្នកគួរបែងចែកពេលវេលាឱ្យបានច្បាស់លាស់ក្នុងការរៀនមុខវិជ្ជានីមួយៗ កុំច្របល់គ្នា នាំឱ្យចាប់មុខភ្លេចក្រោយ។ ម្យ៉ាងទៀត អ្នកគួរចេះរើសទីតាំងរៀន ដូចជា នៅកន្លែងស្ងប់ស្ងាត់ កន្លែងមានបរិយាកាសបរិសុទ្ធ ឬកន្លែងណាមួយដែលអ្នកគិតថា អាចជួយធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អ និងរៀនឆាប់ចាំ។

2. ចេះសង្ខេបខ្លឹមសារសំខាន់ៗពីក្នុងមេរៀននីមួយៗ៖ មេរៀនពេញមួយឆ្នាំពិតជាច្រើនគរដូចភ្នំ ដូច្នេះ! ដើម្បីអាចមើលបានគ្រប់មេរៀន ចំណាយពេលតិច ឆាប់ចាំ គឺអ្នកត្រូវចេះសង្ខេបចំណុចសំខាន់ៗដែលក្ដោបខ្លឹមសារទាំងមូលនៅក្នុងមេរៀន មកអាន ទន្ទេញ ឬមើលរំឭកឡើងវិញ។ 

3. ត្រូវដឹងថា ពេលណាគួររៀនមុខវិជ្ជាសង្គម ពេលណាគួររៀនមុខវិជ្ជាវិទ្យាសាស្រ្ត៖ ពេលវេលា ក៏អាចជួយដល់កម្រិតនៃការចងចាំរបស់ខួរក្បាលយើងដែរ។ ពេលព្រឹកព្រលឹម ជាពេលល្អបំផុតដែលអ្នកគួររៀនមុខវិជ្ជាសង្គមដែលត្រូវការអាន ឬទន្ទេញច្រើន ព្រោះថានៅពេលភ្ញាក់ពីគេងភ្លាម ខួរក្បាលរបស់អ្នក ពុំទាន់ទទួលយករឿងរ៉ាវផ្សេងៗនៅក្នុងថ្ងៃហ្នឹងមកគិតនៅឡើយទេ ដូច្នេះ ធ្វើឱ្យអ្នករំឭកមេរៀនឆាប់ចាំ។ ដោយឡែកមេរៀនផ្នែកវិទ្យាសាស្រ្ត អ្នកអាចរៀននៅពេលណាក៏បានដែរ ពេលព្រឹកក៏ល្អ ពេលយប់ក៏ល្អ តែសំខាន់គួរតែរៀននៅចន្លោះពេលដែលអ្នកមានអារម្មណ៍ស្វាហាប់ មិនស្ពឹកស្រពន់។

4. ចេះប៉ាន់ស្មានពីកម្រិតវិញ្ញាសា ដែលអាចនឹងចេញពេលប្រឡង៖ ចំណុចនេះ ស្ដាប់មើលទៅដូចជាសាមញ្ញបន្តិច តែវាក៏ជាមធ្យោបាយល្អមួយសម្រាប់សិស្សឆ្លាតដែរ។ ពេលដែលអ្នករៀនកាន់តែច្រើន អ្នកនឹងអាចប៉ាន់ស្មានបានពីកម្រិតសមត្ថភាពខ្លួនឯង ជាមួយនឹងកម្រិតសំណួរ ឬវិញ្ញាសាដែលអាចចេញនៅពេលប្រឡង។ មួយវិញទៀត អ្នកគួរស្រាវជ្រាវរកវិញ្ញាសាចាស់ៗដែលធ្លាប់បានចេញកាលពីឆ្នាំកន្លងទៅ យកមករៀនធ្វើបន្ថែមផង ដើម្បីឱ្យដឹងពីកម្រិតវិញ្ញាសា និងពង្រឹងសមត្ថភាពចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។

5. រកពេលវេលាឱ្យខួរក្បាលបានសម្រាក ឬលំហែផង៖ រៀនរហូតគ្មានពេលសម្រាក មិនមែនជារឿងល្អទេ ខួរក្បាលរបស់យើងក៏ត្រូវការសម្រាកដែរ។ អ្នកគួរទុកចន្លោះពេលឱ្យខួរក្បាលបានលំហែខ្លះ កុំឱ្យមានអារម្មណ៍ស្មុគស្មាញ ឬស្រ្តេសពេក។

6. ថែទាំសុខភាពឱ្យបានល្អ ដើម្បីអាចផ្ដោតអារម្មណ៍បានមូលទៅលើការរៀន៖ មិនថាកាលៈទេសៈណាទេ សុខភាពនៅតែជាកត្តាដ៏សំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់។ សុខភាពល្អនឹងជួយជំរុញឱ្យអារម្ម ណ៍របស់អ្នកស្រស់ថ្លា ងាយចាប់បាននូវមេរៀនគ្រប់មុខវិជ្ជា ឯការសិក្សារបស់អ្នកក៏ទទួលបានលទ្ធផល ល្អ ទៅតាមហ្នឹងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ