សកម្មភាព ៣ យ៉ាងដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន ក្នុងគ្រាបិទខ្ទប់
ក្នុងអំឡុងពេលដែលមេរោគកូវីដ-១៩ ឆ្លងរាតត្បាតយ៉ាងគំហុក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ក្នុងការបិទខ្ទប់ក្នុងតំបន់ធំៗមួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដោយតម្រូវឱ្យលោកអ្នកត្រូវស្នាក់នៅផ្ទះ១៤ ថ្ងៃ ឬអាចលើសពីនេះ បើស្ថានភាពនៅតែមិនធូរស្រាល។ ក្នុងអំឡុងពេលបិទខ្ទប់ លោកអ្នកក៏អាចធ្វើនូវសកម្មភាពមួយចំនួនដើម្បីឱ្យជីវិតក្នុងការបិទខ្ទប់កាន់តែមានប្រយោជន៍ ដូចជា៖
១/. បង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ៖
ប្រហែលជាមានគ្រួសារមួយចំនួនពិបាកក្នុងការជួបគ្នា ឬមិនសូវបានញ៉ាំអាហារជុំគ្នា ព្រោះតែមានកិច្ចការរវល់រៀងៗខ្លួន ប៉ុន្តែក្នុងពេលបិទខ្ទប់នេះ ច្បាស់ណាស់ថាលោកអ្នកអាចមានឱកាសនៅផ្ទះជុំគ្នា។ ដូច្នេះ លោកអ្នកគួរយកវេលានេះបង្កើតភាពស្និទ្ធិស្នាលដូចជាការចំអិនអាហាររួមគ្នា ធ្វើកិច្ចការផ្ទះរួមគ្នា ចែករំលែកពីអារម្មណ៍ ពីបញ្ហាផ្សេងៗឱ្យគ្នាបានស្ដាប់ជាដើម។
២/. អាន ឬសរសេរ៖
ជាជាងស្នាក់នៅតែក្នុងបន្ទប់ ឬចុចតែទូរស័ព្ទដែលអាចធ្វើឱ្យមានសម្ពាធផ្លូវចិត្ត លោកអ្នកក៏អាចចាប់កាន់ប៊ិក សៀវភៅ មកអាន មកសរសេរកត់ត្រាដើម្បីបង្កើនចំណេះដឹង។ ថាមិនត្រូវ! រយៈពេល១៤ ថ្ងៃនៃការបិទខ្ទប់លោកអ្នកអាចសរសេរបានសៀវភៅមួយក្បាល ឬក៏អានសៀវភៅចប់បាន២ ទៅ ៥ ក្បាលក៏ថាបាន។
៣/. ធ្វើលំហាត់ប្រាណ
សូមកុំគិតថានៅតែផ្ទះពិបាកក្នុងការហាត់ប្រាណ ឬនៅតែផ្ទះគ្មានអ្វីគួរធ្វើឱ្យសោះ ព្រោះតាមពិតទៅនៅលើដំបូល រានហាល ឬទីវាលណាមួយនៃផ្ទះ សុទ្ធតែអាចហាត់ប្រាណបានទាំងអស់។ សូមកុំខ្វល់ពីរឿងខ្វះសម្ភារ ព្រោះបើគ្រាន់តែដើម្បីសុខភាពល្អនោះ ការពត់ពេនខ្លួន ដើររត់ និងហាត់យូហ្គា ក៏ជាវិធីហាត់ប្រាណមួយដ៏ល្អផងដែរ។ សូមកុំធ្វើឱ្យបញ្ហាមេរោគកូវីដ-១៩ ប្រែក្លាយលោកអ្នកមកជាមនុស្សទន់ខ្សោយ ឬមានបញ្ហាថប់បារម្ភឱ្យសោះ ប៉ុន្តែលោកអ្នកគួរតែកែខៃកាលៈទេសៈនៃការបិទខ្ទប់នេះឱ្យកាន់តែមានប្រយោជន៍ទើបជាការប្រសើរ៕SP