(ភ្នំពេញ)៖វឌ្ឍនភាពនៃការនាំចេញនាំចូលផលិតផលកសិកម្មកម្ពុជានិងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធគឺជាប្រធានបទសំខាន់ក្នុងជំនួបពិភាក្សារៀបចំដោយសមាគមភស្តុភារកម្មកម្ពុជាហៅកាត់ «CLA»  ធ្វើឡើងនៅថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១ នាសណ្ធាគារកាំបូឌីយ៉ាណា។

ជំនួបពិភាក្សាធ្វើឡើងក្រោមអធីបតីភាព លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងដោយមានការចូលរួមពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម,វត្តមានថ្នាក់ដឹកនាំ«CLA» អស់លោកលោកស្រីសមាជិកសមាជិការ«CLA» ជាច្រើនរូបទៀត។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា «CLA»  បានលើកឡើងថា ជំនួបពិភាក្សាធ្វើឡើងនាថ្ងៃនេះគឺមានគោលបំណងសំខាន់ផ្តល់ឱកាសដល់បណ្តាលវិស័យឯកជននានាក្នុងវិស័យដឹកជញ្ជូនឱ្យបានដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការនាំចេញនាំចូលទាក់ទងផលិតផលកសិកម្មរួមទាំងឱកាសទីផ្សារ។

លោក អ៊ីវ វាសនា អគ្គលេខាធិការសមាគមភស្តុភារកម្មកម្ពុជា «CLA» បានថ្លែងថាចាប់តាំងពីបង្កើតសមាគមរហូតដល់បច្ចប្បន្ន សមាគមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់បណ្តាលក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែលជាសមាជិករបស់ខ្លួន។លោកបន្ថែមថា ជំនួបក្នុងថ្ងៃនេះយេីងទាំងអស់គ្នានឹងទទួលបាននូវព័ត៌មានអំពីទិន្នន័យនៃការធ្វេីពាណិជ្ជកម្មលេីផលិតផលកសិកម្ម,បែបបទនីតិវិធីនៃការនាំចេញនាំចូលផលិតផលប្រភេទផលិតផលកសិកម្ម,វឌ្ឍនភាព,និងបញ្ហាប្រឈមអំពីការធ្វេីពាណិជ្ជកម្មផលិតផលស្វាយនិងផលិតផលបន្លែព្រមទាំងដោះស្រាយចម្ងល់របស់សមាជិកសមាជិកាពិសេសគឺឱកាសភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធទាំងអស់។

 

ដោយឡែក លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងការកោតសរសើរដល់សមាគម«CLA»ដែលបានវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័សក្នុងដំណើរការ ជួយឱ្យវិស័យដឹកជញ្ជូននៅកម្ពុជាមានភាពរីកចម្រើនឆាប់។

អញ្ជើញជាអធីបតីក្នុងកម្មវិធី លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រុញឱ្យសមាគមភស្តុភារកម្មកម្ពុជា ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកស្រួយវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែរីកចម្រើន។ លោកបន្ថែមថា ពាក់ព័ន្ធការនាំចេញនាំចូលផលិតផលកសិកម្មកម្ពុជាគឺជារឿងសំខាន់ដែលសមាគមត្រូវសិក្សាបន្ថែម ព្រោះកម្ពុជាមានផលិតផលកសិកម្មច្រើនប្រភេទត្រូវនាំចេញ។ លោក ហ៊ាន វណ្ណហន បានវាយតម្លៃខ្ពស់ចំពោះសមាគម«CLA» ដែលបង្កើតជំនួបកិច្ចពិភាក្សាក្នុងថ្ងៃនេះឡើង។ លោកមានជំនឿចិត្តថា ក្រោយបញ្ចប់ជំនួបនេះភាគីពាក់ព័ន្ធកាន់តែមានការយល់ដឹងជុំវិញការរីកចម្រើននៃការនាំចេញនាំចូលផលិតផលកសិកម្មកម្ពុជាពិសេសគឺឪកាសទីផ្សារ។

 សូមជម្រាបថា ជំនួបពិភាក្សាស្តីពីវឌ្ឍនភាពនៃការនាំចេញនាំចូលផលិតផលកសិកម្មកម្ពុជានិងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធដែលបានរៀបចំឡើងក្នុងថ្ងៃនេះ ក្រៅពីការមតិសំណេះសំណាលរបស់គណៈអធិបតី និងថ្នាក់ដឹកនាំ«CLA»កម្មវិធីក៏បានរៀបចំឱ្យមានវេទិកាធ្វើបទបង្ហាញចំនួន៤ដោយមានការចូលរួមពីតំណាងស្ថាប័នក្រសួងជំនាញរួមមាន៖

-បទបង្ហាញស្តីពីស្តិតិនៃការនាំចេញនាំចូលរបស់ក្រសួងពាណិជ្ជកម្ម

-បទបង្ហាញស្តីពីនីតិវិធីនាំចេញនាំចូលនិងការដឹកជញ្ជូនឆ្លង់កាត់ទំនិញប្រភេទកសិកម្ម

-បទបង្ហាញស្តីពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការធ្វើពាណិជ្ជកម្មលើផលិតផលស្វាយ

-បទបង្ហាញស្តីពីវឌ្ឍនភាពនិងការប្រឈមនៃការធ្វើពាណិជ្ជកម្មលើផលិតផលបន្លែ

សូមបញ្ជាក់ថា នៅចុងក្រោយនៃកម្មវិធីក៏មានការរៀបចំវេទិកាពិភាក្សាសំនួរចម្លើយ ដោយមានការឆ្លើយឆ្លងគ្នារវាងគណៈអធិបតី,មន្ត្រីជំនាញពីក្រសួងពាក់ព័ន្ធ,ថ្នាក់ដឹកនាំសមាគម«CLA» និងអស់លោកលោកស្រីដែលបានចូលរួម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ