នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា  នៅទីស្តីការក្រសួងមហាផ្ទៃ ។ក្នុងឱកាសនោះយើងសង្កេតឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានមន្ត្រីរាជការ ដែលបម្រើការនៅក្រសួងមហាផ្ទៃជាអ្នកពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាបានមកចូលរួមធ្វើតេស្តទាំងអស់គ្នា ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា មហាជនដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាក៏បានចូលរួមធ្វើតេស្តរកមេរោគកូវីដ១៩ទីស្តីការក្រសួងមហាផ្ទៃ ដោយ បង្ហាញការកោតសរសើរចំពោះការយកចិត្តទុកដាក់រៀបចំរបស់ក្រសួងមហាផ្ទៃ ដោយក្នុងដំណើរការនៃការធ្វើចូលទៅធ្វើតេស្ត ចាប់ពីវេលាម៉ោង៧ព្រឹកដល់ ម៉ោង៥ល្ងាច គឺមានការសម្របសម្រួលយ៉ាងរលូន និងមានរបៀបរៀបរយដល់អ្នកចូលរួមធ្វើតេស្តទាំងអស់ ដោយតម្រូវឲ្យមានការវាស់កម្ដៅ បាញ់អាល់កុលសម្លាប់មេរោគ ពាក់ម៉ាស់ និងជាពិសេសរក្សាគម្លាតសុវត្ថិភាពបានយ៉ាងខ្ជាប់ខ្ជួនដោយពុំមានភាពអនាធិបតេយ្យ ការបញ្ជៀតគ្នានោះទេ។ 

សូមបញ្ជាក់ផងដែរថា ការណែនាំអំពីគម្លាតសុវត្ថិភាព និងការត្រួតពិនិត្យយើងបានសង្កេតឃើញថា ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំងតាំងពីមុន និងក្រោយ ពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមកម្ល៉េះ ហើយការធ្វើតេស្តរបស់មន្ត្រីរាជការក្នុងក្រសួងមហាផ្ទៃ នាពេលនេះ គឺបានធ្វើឡើងក្នុងលក្ខណ:ទ្រុងទ្រាយធំ  ក្នុងន័យដើម្បីជម្រះមន្ទិលសង្ស័យ និងដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទៅសហគមន៍ផងដែរ ។

ជាមួយគ្នានោះ មហាជនក៏បានថ្លែងនូវការអរគុណចំពោះការររៀបចំរបស់ក្រសួងមហផ្ទៃដែលបានជួយសម្របសម្រួលឱ្យមានការធ្វើតេស្តរកមេរោគកូវីដ១៩ នៅទីស្តីការក្រសួងផ្ទាល់ព្រមទាំងខ្នះខ្នែង ធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយគិតពីសុវត្ថិភាព និងបង្កើនភាពងាយស្រួលដល់ពលរដ្ឋពេលមកធ្វើតេស្ត។ទោះបីមានមនុស្សរាប់ពាន់នាក់ទៅធ្វើតេស្តក៏ដោយ។ 

គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានយកសំណាក់របស់ថ្នាក់ដឹកនាំ និងបម្រើទាំងអស់ ដែលបម្រើការងារក្នុងទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩ ចំនួន២លើករួចមកហើយដែលលើកទី១-នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី២-នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ហើយលើកទី៣ គឺធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ