ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងកន្លែងទទួលបញ្ចាំម៉ូតូអត់ច្បាប់
កណ្តាល៖កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្ត កណ្តាល បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងកន្លែងទទួលបញ្ចាំម៉ូតូអត់ច្បាប់របស់មេអាប៉ោង នៅស្រុកខ្សាច់កណ្តាល ដោយឃាត់ខ្លួននិងរឹបអូសបានម៉ូតូជាច្រើនគ្រឿង។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែ សីហា ឆ្នាំ២០២០ នេះ នៅភូមិស្វាយមាស ឃុំវិហារ សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
សមត្ថកិច្ច អះអាងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និង ប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិន ដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។ បច្ចុប្បន្នម្ចាស់ទីតាំង និង ម៉ូតូទាំង២៤ គ្រឿងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕