កំពង់ធំ ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារ៉ាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ លោកសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែលនឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង ធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។
ក្នុងនោះ មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូន ប្រជាពលរដ្ឋយើងឲ្យបានសម្យ និងទាន់ពេលវេលា៕EB