ភ្នំពេញ៖  ក្រោយសង្កេតឃើញថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជំងឺគ្រុនឈាមមានការកើនឡើង ក្រសួងសុខាភិបាលកម្ពុជា ក៏ដាក់ចេញនូវវិធានការចំនួន ៥ចំណុច ដើម្បីជាការក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ក្នុងការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម ព្រោះថាជំងឺនេះ អាចកើតលើមនុស្សគ្រប់វ័យមិនថាក្មេង ឬចាស់នោះទេ។ ច

ចំពោះវិធានការទី១ គឺអាណាព្យាបាល ឪពុកម្តាយ កុមារា កុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា៖ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ជាដើម ដោយផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិច១អាទិត្យម្តង ឬត្រូវគ្របឱ្យបានជិតល្អ ហើយត្រូវសហការជាមួយបណ្តាញសុខាភិបាលតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ត្រូវកប់ ដុត ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យដក់ទឹក។

ចំណែកវិធានការទី២ គឺស្នើឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ ដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានសំណង់ទាំងអស់ ត្រូវសម្អាតបរិវេណសំណង់របស់ខ្លួន និងត្រូវលុបបំបាត់វត្ថុដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ ដែលអាចដក់ទឹកនៅទីកន្លែងដែលមានដំបូលត្រឹមត្រូវ។ ទន្ទឹមគ្នា មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព។

រីឯវិធានការទី៣វិញ អាជីវករ ឬម្ចាស់អាជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ម៉ូតូ ឡាន ត្រូវគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាលទេ។ ចំពោះវិធីសាស្រ្តក្នុងការគ្រប់គ្រងសំបកកង់ប្រកបដោយសុវត្ថិភាព គឺត្រូវគរត្រួតគ្នា គ្របដោយបន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ពិសេសដាក់នៅក្រោមដំបូល ចៀសវាងការដក់ទឹក ដែលអាចបង្កជាជម្រកមូសខ្លា។

ចំពោះវិធានការទី៤ គឺពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះត្រូវមានពន្លឺចេញចូល រៀបចំទុកដាក់របស់របរទាំងក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃនិងយប់ និងមិនត្រូវអង្គុយលេងនៅកន្លែងងងឹតៗទេ ហើយទី៥ គឺក្នុងករណីមានរោគសញ្ញាក្តៅខ្លួនភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល នៅមណ្ឌល និងមន្ទីរពេទ្យដែលនៅជិតបំផុត។

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមថា តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ទៅ៦ឆ្នាំម្តង។ តែយ៉ាងណាក្រសួងនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តទៅតាមវិធានការទាំង៥ចំណុចខាងលើ ដើម្បីការពារសុខភាពក្រុមគ្រួសារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ