ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លំហូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយអាមេរិក នៅតែបន្ដជាទីផ្សារនាំចេញធំបំផុត សម្រាប់ប្រទេសកម្ពុជា។
ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរយ៉ាងជ្រាលជ្រៅ ជូនសហប្រធានទាំងពីរ គឺសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរៀបចំកិច្ចប្រជុំដ៏សំខាន់នេះឡើង ដើម្បីលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ផងដែរ។
សម្ដេច បន្តថា ជាការពិត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺពិតជាបានផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកជាច្រើន សហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីទីទាំងយុទ្ធសាស្ដ្រ និងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នូលទាប ព្រមទាំងមានជំនាញសមស្របសម្រាប់វិស័យកម្មន្ដសាល ការណ៍នេះ បានធ្វើឱ្យថ្លៃទំនិញផលិតនៅកម្ពុជា មានតម្លៃទាប សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ខណៈកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
សម្ដេច គូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្ដជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា ជាពិសេស សម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ តែការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិក នៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក»។
សម្ដេច បន្ថែមថា នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្ដកើតឡើងពី ២២៥លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។ នាពេលថ្មីៗនេះ សាជីវកម្មពហុជាតិអាមេរិកដែលវិនិយោគនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនFord, កូកា-កូឡា, Tiffang និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើននៃទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕EB