ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត តាមដាន និងដោះស្រាយបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន។

សម្ដេចធិបតី ប្រាប់ឱ្យអភិបាលរាជធានីខេត្តត្រូវតាមដាន និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានបញ្ហាទឹកជំនន់ដែលប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ដែលរងការប៉ះពាល់។

សម្ដេច នាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងដំណាក់កាលនេះ គឺត្រូវត្រៀមរៀបចំកម្លាំងមធ្យោបាយសម្ភារដើម្បីធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់ក្នុងតំបន់តាមបណ្ដារាជធានី-ខេត្ត។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ស្នើឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមដានឱ្យបានជាប់លាប់សហការជាមួយគណៈអភិបាលរាជធានី-ខេត្តក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍ សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្តមានតម្រូវការ។ ក្រៅពីនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវត្រៀមកម្លាំង មធ្យោបាយ ជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដូចគ្នា។

សម្ដេចធិបតី ក៏បានណែនាំឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមស្បៀង សម្ភារបរិក្ខា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីដែលមានការស្នើសុំពីរាជធានី-ខេត្ត។ សម្ដេចធិបតី ក៏បានណែនាំឱ្យត្រៀមស្រូវពូជ ក្នុងករណីផលរងប៉ះពាល់ធំ និងស្ដារឡើងវិញដំណាំរបស់កសិករផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ