ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរំលឹកឱ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ឬសហគ្រាស គ្រឹះស្ថាន ប្រុងប្រយ័ត្នក្នុងការជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនមកបម្រើការងារ ដោយខ្លាចក្រែងប៉ះចំសមាសភាពមិនល្អ ហើយហាមដាច់ខាតក្នុងការជ្រើសរើសយកជនបរទេស មកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន។

ការក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧០ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានណែនាំផងដែរដល់ក្រុមហ៊ុន និងសហគ្រាស មិនត្រូវប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន លើសម៉ោងការងារច្រើនពេកនោះទេ ព្រោះធ្វើឲ្យភ្នាក់ងារសន្តិសុខឯកជន ប្រឈមនឹងបញ្ហាសុខភាព ឬអាចបណ្តាលប៉ះពាល់ដល់អាយុជីវិត និងធ្វើឲ្យកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅគោលដៅមានកម្រិតទាប។ លើសពីនេះ ត្រូវរៀបចំផ្ដល់នូវរបបសន្តិសុខសង្គម ហៅកាត់ «ប.ស.ស» ជូនភ្នាក់ងារសន្តិសុខឯកជន ក្នុងការពិនិត្យសុខភាព និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ក្នុងការសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមគៅលដៅរបស់ភ្នាក់ងារសន្តិសុខឯកជនឈរជើង។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ឧត្តមសេនីយ៍ឯក ក៏បានសម្ដែងនូវការកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ទន្ទឹមនេះ លោក លើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ជាដើម ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ