រយៈពេល ៦ខែ ឆ្នាំ២០២៣ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់-របួស៨៥នាក់
ភ្នំពេញ ៖ រយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងជាង ៨០ លើកបណ្ដាលឲ្យមនុស្សស្លាប់-រងរបួស ៨៥ នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ៥ខ្នង មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេល ៦ ខែ ឆ្នាំ ២០២២ កន្លងទៅ ដែលមានអ្នកស្លាប់-របួសត្រឹមតែ ៦០នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល ៦ ខែនេះ បាតុភូតរន្ទះបាញ់បានកើតឡើង ៨២ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤៦ នាក់ រងរបួស ៣៩ នាក់ ងាប់គោក្របី ៧១ ក្បាល និងខូចខាតផ្ទះ ៥ ខ្នង។
លោក បន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា នៅឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៦ ខែឆ្នាំមុន មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៦១ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣២ នាក់ ស្ត្រី ៨ នាក់ រងរបួស ២៨ នាក់ ងាប់គោក្របី ៦៩ ក្បាល និងខូចខាតផ្ទះចំនួន ១១ ខ្នង។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងស្លាប់ដោយសារបាតុភូតធម្មជាតិនេះ៕EB