អាជ្ញាធរម៉ាឡេស៊ីរឹតបន្តឹងតាមព្រំដែន របស់ខ្លួនជាមួយចិនបន្ទាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ខ្លំាង
ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រេចចិត្តរឹតបន្តឹងតាមច្រកព្រំដែនលើបញ្ហាកូវីដ១៩ដែលកំពុងតែកើនឡើង ។ ការណ៍នេះពុំមែនមានន័យថាដើម្បីធ្វើការរើសអើងប្រឆំាងទៅនឹងប្រជាជាតិណាមួយក៏ទេដែរ។
ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មានដែលប្រារព្ធធ្វើជាទៀងទាត់រៀងរាល់មួយសប្តាហ៍ម្តង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់ខ្លួនថា បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់ដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ី ហើយកិច្ចការនេះសោតទៀតមិនធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកំណើនធុរកម្មនោះឡើយ។
លោកនាយករដ្ឋមន្រ្តីដដែលរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា យើងប្រកាន់ជំហមិនអើសរើងប្រឆំាងនឹងប្រទេសណាមួយឡើយ ដោយសារតែយើងសង្កេតឃើញថា ប្រទេសចិនកំពុងតែហក់ឡើងខ្លំាងនៃការឆ្លងរីករាលដាលខណៈតួលេខអ្នកស្លាប់កើនឡើងដែរ។ រឿងរ៉ាវដ៏សោកសៅនេះសោតទៀត ក៏មិនមែនមានត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែនៅសហរដ្ឋអាម៉េរិក រួមទំាងប្រទេសដទៃទៀតជាច្រើនក៏មានតួលេខអ្នកស្លាប់កើនឡើងចេញពីកូវីដ-១៩នេះដែរ។
លោកនាយករដ្ឋមន្រ្តីរូបនេះបានបង្ហើបឱ្យដឹងទៀតថា ចំនួនអ្នកទេសចរជនជាតិចិនកាលពីឆ្នំាមុនមកកាន់ប្រទេសម៉ាឡេស៊ីប្រមាណជា ៣៣៦,០០០នាក់ ដោយឡែកកាលពីខែធ្នូ ឆ្នំា២០២២ទើបតែកន្លងទៅថ្មីៗនេះ មានអ្នកទេសចរមកពីប្រទេសចិនបានកើនឡើងដល់ទៅ៥៣,០០០ នាក់ឯណោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានត្រៀមប្រុងជើងការណ៍រួចជាស្រេចដើម្បីធ្វើការរឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយតាមបណ្តោយព្រំដែនដែលកំពុងតែមានការឆ្លងរីករាលដាលនោះ៕SP