អាកាសចរស៊ីវិល ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា លទ្ធផល នៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport-SAI) នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អាកាសចរស៊ីវិល នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅថ្ងៃទី៥ តុលា នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួន៣ ព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ ចំនួន៣ បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។
អាកាសចរស៊ីវិល បានគូសបញ្ជាក់ថា «លទ្ធផល នៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយមន្ត្រី បច្ចេកទេសជាន់ខ្ពស់មួយចំនួន ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ»។
អាកាសចរស៊ីវិល បន្ដថា ក្នុងការចុះត្រួតពិនិត្យដំណើរការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ទាំង៣ជើងខាងលើ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារ បច្ចេកទេស បានចុះពិនិត្យជាក់ស្ដែងនូវដំណើរការមួយចំនួនចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងបានវាយតម្លៃខ្ពស់លើ ដំណើរការបញ្ជាចរាចរដែនអាកាសនៅត្រង់ចំណុចប៉មបញ្ហាហោះហើរ ដំណើរការទទួល អ្នកដំណើរតាមផ្លូវអាកាសនៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ដំណើរការ ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់ការឡើងអាកាសយានរបស់អ្នកដំណើរ តាមផ្លូវអាកាស និងការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំង បីខាងលើ។
សូមបញ្ជាក់ថា ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជា ច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ៕