ភ្នំពេញ ៖ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហោះហើរបានជិត ៩០០០ជើង កើនឡើងជាង៣១% និងមានអ្នកដំណើរជាង ១,៥លាននាក់ កើនឡើង១០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។

ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍ជាច្រើន ក៏បាននិងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញយ៉ាងសកម្មផងដែរ។ 

នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល ក្នុងនោះ ជើងហោះហើរសរុបមានចំនួន ៨៧៤០ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន ១៥៤ ៣២៦៩ នាក់ កើនឡើង ១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ»។

លោក អភិបាលរាជធានីភ្នំពេញ បន្ដថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ