សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី អគារទីស្តីក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ។
ពិធីក្រុងពាលី អគារទីស្តីក្រសួងមហាផ្ទៃ នាពេលព្រឹកនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះ បានផ្តេីមចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មាន៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។
សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ៕