ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ទទួលបានតួនាទីជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺបង្ហាញសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញ នូវកិច្ចខិតខំប្រឹងប្រែងពុះពារបម្រើ ការពារ គាំទ្រ និងលើកស្ទួយរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ព្រមទាំងការចូលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព ផងដែរ។

តាមរយៈសារអបអរសាទរគោរពជូនចំពោះ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាស ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលចេញផ្សាយ នាថ្ងៃទី២៥ សីហា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមប្រកបដោយមោទនភាពនេះ ពិតជាសក្តិសមទៅនឹងគុណវុឌៀ និងបទពិសោធន៍ប៉ិនប្រសប់រយៈពេលជាច្រើនទសវត្សរ៍កន្លងមករបស់ សម្តេចក្រឡាហោម ដែលតែងបានចូលរួមយ៉ាងសកម្មបម្រើមិនខ្លាចនឿយហត់ក្នុងបុព្វហេតុនៃ ជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា «តួនាទីដ៏ថ្លៃថ្លានេះ ក៏ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងពុះពារបម្រើ ការពារ គាំទ្រ និងលើកស្ទួយរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សំដៅធានាដល់និរន្តរភាពជាតិ និងការអភិវឌ្ឍរីកចម្រើនសម្រាប់សង្គមជាតិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ