ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើត ឬដាក់ពន្ធថ្មីលើប្រជាពលរដ្ឋឡើយ ហើយពន្ធដារ ដែលមានស្រាប់ ក៏មិនមានការដំឡើងផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ សម្ដេច នឹងជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់វិស័យឯនជន ជាពិសេស ការពិភាក្សា និងដោះស្រាយលើបញ្ហាពន្ធដារ។

សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើត ឬដាក់ពន្ធថ្មីលើប្រជាពលរដ្ឋឡើយ ហើយពន្ធដារដែលមានស្រាប់ ក៏មិនមានការដំឡើងផងដែរ។ ទន្ទឹមនឹងការមិនបង្កើតពន្ធថ្មី រាជរដ្ឋាភិបាល ក៏នៅតែបន្តមិនយកពន្ធលើវិស័យកសិកម្ម និងពន្ធមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលបានអនុវត្តជាយូរមកហើយនោះ។

សម្ដេចធិបតី បញ្ជាក់ឲ្យដឹងថា «ខ្ញុំ សូមបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋ ទីមួយរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ មិនមានពន្ធថ្មីដាក់ឲ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ»។ 

លើសពីនេះ សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។ សម្ដេច បញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ