ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួល សូមកុំដំឡើងថ្លៃជួលសម្រាប់កម្មករ-និយោជិត ដើម្បីសម្រួលដល់ការចំណាយរបស់ពួកគាត់។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ សូមកុំដំឡើងថ្លៃ ដើម្បីជួយ សម្រួលការចំណាយរបស់កម្មករ-និយោជិត ខណៈពួកគាត់ទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២០៤ដុល្លារ ក្នុង ១ខែ នាឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ទីមួយខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួល ជួយធ្វើម៉េច ជួយថែរក្សាអាហ្នឹង យោគយល់គ្នា ខ្ញុំដឹងម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្តែបើគិតកម្មករ-កម្មការិនី ប្រហែលជាគាត់អាចលំបាកជាង បងប្អូនខ្លះម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ធនាគារ តែយោគយល់ខ្លះ»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវពន្លឿនការតភ្ជាប់បណ្ដាញទឹក-ភ្លើង ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់ម្ចាស់ផ្ទះជួលផង និងដល់កម្មករ-និយោជិតផង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ