រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៧បន្ថែមទៀតបោះទុនវិនិយោគប្រមាន៣២,៩លានដុល្លារអាម៉េរិក ក្នុងខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ដែលអាចបង្កើតការងារចំនួន៣៤៧០កន្លែងដល់ពលរដ្ឋ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តនាពេលនេះរួមមាន៖ ទី១.ក្រុមហ៊ុន“Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រោមទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៣២៦កន្លែង។ ទី២.ក្រុមហ៊ុន“ Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅក្នុង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៧,៣ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន១២៤៥ កន្លែង។

 ទី៣.ក្រុមហ៊ុន“ Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារលម្អដើមគ្រីស្មាស់ នៅក្នុងខេត្តស្វាយរៀង ក្នុងទុនវិនិយោគ៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន៥៣៦ កន្លែង។

 ទី៤.ក្រុមហ៊ុន“ CH Lighting Tree Co., Ltd.”វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ស្ថិតនៅក្នុង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥០០កន្លែង។

ទី៥.ក្រុមហ៊ុន“ Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ វិនិយោគក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន២១៣កន្លែង។ 

ទី៦.ក្រុមហ៊ុន“ Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ១,៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន៣២០កន្លែង និងទី៧.ក្រុមហ៊ុន“ Glorious Building Material Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ វិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ១,២លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន៣៣០កន្លែងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ