ត្រឹមឆ្នាំ២០២៣ ឧក្រិដ្ឋជនឆបោកតាមអនឡាញ៤ម៉ឺននាក់ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាប្រគល់ខ្លួនទៅឱ្យប្រទេសចិនវិញ
មីយ៉ាន់ម៉ា៖ មនុស្សសរុបជាង៤០,០០០នាក់ ដែលជាប់សង្ស័យមានចូលរួមពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅឯប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រគល់ខ្លួនមកឱ្យប្រទេសចិន កាលពីក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
បណ្តាញឆបោកតាមអនឡាញ បានរីកដុះដាលយ៉ាងផុសផុលនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ខណៈជនរងគ្រោះនិងជនសង្ស័យជាច្រើន គឺជាពលរដ្ឋទៅពីប្រទេសចិន។ វា ចិនបានទទូចហើយទទូចទៀត ឱ្យរបបយោធាមីយ៉ាន់ម៉ា ចាត់វិធានការបង្រ្កាបឧស្សាហកម្មខុសច្បាប់នេះ ។
សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ដូច្នេះថា «ចាប់តាំងពីខែសីហា ឆ្នាំមុន តួលេខនៃករណីឆបោកតាមប្រព័ន្ធអ៉ីនធើណិត បានបន្តថយចុះ ខណៈការងារបង្រ្កាបនិងគ្រប់គ្រង ទទួលបានលទ្ធផលល្អប្រសើរ។ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់ ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ជនសង្ស័យឆបោកអនឡាញសរុប៤១,០០០នាក់ ត្រូវបានប្រគល់ខ្លួនឱ្យមកយើង កាលពីឆ្នាំ២០២៣»។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសពីការចាប់ខ្លួន មេខ្លោងបណ្តាញឆបោកអនឡាញចំនួន២នាក់ ធ្វើប្រតិបត្តិការចេញពី ក្រុងមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាមុខសញ្ញាតាមចាប់ខ្លួនរបស់ចិន ខណៈជនមេខ្លោងម្នាក់ទៀត បានធ្វើអត្តឃាតអំលុងប្រតិបត្តិការចាប់ខ្លួន។ យោងតាមរបាយការណ៍កាលពីឆ្នាំមុន របស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងហោច១២០,០០០នាក់ អាចជាប់ខ្លួននៅតាមទីតាំងប្រតិបត្តិការឆបោកអនឡាញ ក្នុងប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង