សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងយុត្តិធម៌ ប្តឹងទៅឧទ្ធរណ៍ លើករណីបុរសម្នាក់បើករថយន្តបុកមនុស្សស្លាប់ ៤នាក់ នៅស្ពានអាកាសឫស្សីកែវ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើសិទ្ធិអធិបញ្ជាក្នុងការប្ដឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់ចំនួន៤នាក់ នៅខណ្ឌឫស្សីកែវ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ត្រី បានទទូចឱ្យស្ថាប័នតុលារការ ក៏ដូចជាតំណាងអយ្យការឱ្យពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងទៅលើបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង ហើយបុកមនុស្សស្លាប់ច្រើននាក់។
សូមរំលឹកថា លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។
សូមរំលឹកថា មានមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ៕