ថៃ៖ នៅក្នុងខេត្តភិតបុរី មានការរៀបចំពិធីកម្ទេចសាច់ជ្រូកចម្រុះជាង៧០០តោនមានដូចជាសាច់សុទ្ធ គ្រឿងក្នុង ជើង និងឆ្អឹងជំនី ជាដើម ក្រោមអធិបតីលោក ឈ្លើមឆៃ សិរីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងដោយមានការចូលរួមពីនាយកដ្ឋានបសុសត្វ និងអង្គភាពពាក់ព័ន្ធ ជាច្រើនផងដែរ។
យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា ទីតាំងដែលបានប្រារព្ធពិធីនេះ គឺស្ថិតក្នុងឃុំសាមប្រាក់យ៉ា ស្រុកឆ:អាំ ខេត្តភិតបុរី ប្រទេសថៃ ដោយនៅទីនោះ គេសង្គេតឃើញអេស្កាកំពុងធ្វើសកម្មភាពកាយរណ្តៅយ៉ាងធំ ដើម្បីកប់សាច់ជ្រូក។ក្រុមបសុសត្វ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគឆ្លង លើសាច់ មុននឹងកប់ទៅក្នុងដី។ ការបំផ្លាញសាច់ជ្រូកនេះ គឺដោយសារតែការនាំចូលខុសច្បាប់ផង និងការទប់ស្កាត់ក្រែងមានការប៉ះពាល់ដល់សុខភាពអ្នកបរិភោគផង។
យោងតាមរបាយការណ៍បានបញ្ជាក់ថា សាច់ជ្រូកដែលនាំចូលមកពីប្រទេសជិតខាងដោយគ្មានច្បាប់អនុញ្ញាត សរុបមានទម្ងន់ ៧២៣.៧៨៦ kg គិតជាទឹកប្រាក់សរុបមានរហូតដល់ ១២៣ លានបាត ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង