សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សម្ដេច តាមដានរាល់បញ្ហារបស់ពលរដ្ឋ ហើយរុញឲ្យអាជ្ញាធរពិនិត្យ និងដោះស្រាយ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សម្តេច តាមដានរាល់បញ្ហារបស់ប្រជាពលរដ្ឋ ហើយរុញឲ្យអាជ្ញាធរពាក់ព័ន្ធជាអ្នកពិនិត្យ និងដោះស្រាយ ខណៈ សម្ដេច ចោទសួរថា «តើចាំបាច់ត្រូវឲ្យ នាយករដ្ឋមន្ត្រី ចេញមុខដោះស្រាយគ្រប់រឿងឬ?»។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការខ្លះ សម្តេច ដោះស្រាយផ្ទាល់ រីឯកិច្ចការខ្លះទៀត គឺសម្តេច ឲ្យក្រសួងស្ថាប័នចេញមកដោះស្រាយ។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែល សម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង៕