ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន រងចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ។នេះបើតាមការឱ្យដឹង តាមរយៈ គណនីហ្វេសប៊ុកផ្ទាល់របស់លោក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈសារជាវីដេអូរបស់លោក បានអំពាវនាវ សូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន ដោយឯកឧត្តម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកតាមការព្យាករណ៍របស់ឧតុនិយម របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះតទៅ អាកាសធាតុមិនអំណោយផលទេ គឺមានភ្លៀង លាយឡំទៅដោយខ្យល់ខ្លាំង និងមានរលកធំ ដែលអាចបង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរនៅតាមផ្លូវទឹក។»

ដូច្នេះ យើងខ្ញុំសម្រេចចិត្ត សូមផ្អាកការធ្វើដំណើរនៅតាមផ្លូវទឹកជាបណ្ដោះអាសន្ន រងចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ សូមកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនទាំងអស់ រៀបចំការផ្អាកធ្វើដំណើរនេះឱ្យបានល្អប្រសើរ។ 

ក្នុងនោះលោកក៏បាន ណែនាំ ដល់ សមត្ថកិច្ចទំនាក់ទំនងឱ្យបានល្អជាមួយនឹងសហគមន៍ក្រុមគ្រួសារប្រជានេសាទ ដោះស្រាយបញ្ហាមួយចំនួន ដូចជា ទាក់ទងជាមួយបងប្អូនប្រជានេសាទ ដែលបានចេញទៅលម្ហសមុទ្រហើយ គឺធ្វើយ៉ាងណាខិតខំរកមធ្យោបាយទំនាក់ទំនងទៅតាមទម្លាប់ ដោយផ្ដល់ព័ត៌មានជូនពួកគាត់ បានទៅរកទីកោះដែលនៅក្បែរបំផុតចូលស្នាក់នៅជាបណ្ដោះអាសន្ន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ