ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣នេះ ទោះមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

យោងតាមលិខិតរបស់ ធនាគារជាតិ នៃកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជក់ថា ពិភពលោកក៏ត្រូវបន្តដោះស្រាយបញ្ហា ដែលនៅដក់សល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជា ការកើនឡើងបំណុលសាធារណៈ និងឯកជន ភាពមិនច្បាស់លាស់ លើការអនុវត្តវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការរាលដាលមេរោគបំប្លែងកូវីដ-១៥ និងការប្រែប្រួលអាកាសធាតុជាដើម ដែលជាបញ្ហាប្រឈមដ៏សក្តានុពល ចំពោះការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ កំណើននេះសម្រេចបាន ដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើន ការតភា្ជប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន»។


ធនាគារជាតិ បន្ថែមថា វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ អឺរ៉ុប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ