ថៃ៖ថ្នាំញៀនចំនួន ៦,៤ លានគ្រាប់ ត្រូវបានកម្លាំងយោធាដែលល្បាតតាមដងទន្លេមេគង្គ ក្បែរៗតំបន់ត្រីកោណមាស បង្ក្រាបបាន ខណ:ដែលមានមនុស្សមួយក្រុមកំពុងជញ្ជូនយកមកដាក់ក្បែរច្រាំងទន្លេដើម្បីលើកឡើងលើកាណូត។

ការបង្ក្រាបដោយកម្លាំងកងរយលេខ២១ នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ នៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំវៀង ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ។នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃើញមនុស្សមួយក្រុមកំពុងជញ្ជូនការ៉ុងបម្រុងឡើងទៅលើកាណូតទេសចរណ៍របស់ក្រុមហ៊ុនឯកជនមួយ។ 

ដោយមានការសង្ស័យសមត្ថកិច្ចក៏បានរំកិលចូលទៅក្បែរស្រាប់តែកាណូតនោះបានបើកយ៉ាងលឿនដើម្បីរត់គេចឯមនុស្សខ្លះដែលឡើងទូកមិនទាន់ក៏បានលោតចូលទឹកហែលគេចចូលទីងងឹតបាត់ស្រមោលអស់។


នៅទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ដែលទំនងទើបនាំចេញមកពីតំបន់ត្រីកោណមាស ចំនួន ៣២ការ៉ុង ដែលក្នុងមួយការ៉ុងមានថ្នាំញៀនចំនួន ២០ ម៉ឺនគ្រាប់ សរុបថ្នាំញៀនក្នុងការបង្ក្រាបនេះបានចំនួន ៦លាន ៤សែន គ្រាប់ ដោយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមេក្លោងដែលនៅពីក្រោយខ្នងក្នុងករណីនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ