ឥស្សរជន ៥រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអំពាវនាវឱ្យចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួសរាន់
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ឥស្សរជន ០៥រូប ឱ្យចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួសរាន់។ឥស្សរជនទាំង 0៥ រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចទាក់ទងបាន ។
ឥស្សរជន ៥រូបនោះរួមមាន៖
១៖ ឧត្តមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក
២៖ ឧត្តមសេនីយ៍ត្រី លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងមហាផ្ទ
៣៖ លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា
៤៖ លោក Divay Gupta ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥៖ លោក Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បតិ្តទៀត ត្រូវផ្តន្ទាទោសទ្វេដង៕