អតីតរដ្ឋមន្ត្រីព័ត៌មាន លើកយកករណីបាញ់ប្រហារដ៏ឃោរឃៅនៅប្រទេសថៃ ជាមេរៀនសម្រាប់អ្នកសារព័ត៌មាន
ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានពន្លយសារអប់រំមួយហាក់ផ្តល់ចំៗ ដល់គ្រប់អ្នកសារព័ត៌មាន គួរពិចារណា និងរៀនសូត្រ ត្រង់ត្រាប នូវវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីមានហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅមួយ កើតឡើងនៅកណ្តាទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែសារព័ត៌មានថៃ ហាក់មិនមានការសម្រុកចុះផ្សាយព្រោងព្រាតពីហេតុការណ៍នេះប៉ុន្មានឡើយ ពោលត្រឹមជាសេចក្តីរាយការណ៍ខ្លីៗ ជាដំណឹងសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះ ។
មុននឹង លើកយកសំណេររបស់ លោក ខៀវ កាញារីទ្ធមកបង្ហាញ សូមរំលឹកថា ប្រទេសថៃ ត្រូវបានជាប់ឈ្មោះជាប្រទេស ដែលទទួលបានទេសចរណ៍អន្តរជាតិច្រើនបំផុត ហើយប្រទេសនេះ ក៏កំពុងកើបលុយគ្រាក់ៗ ពីវិស័យទេសចរណ៍នេះមួយ ក្នុងចំណោមវិស័យធំៗរបស់ប្រទេសផ្សេងទៀត ។ យ៉ាងណាមិញ ទាំងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ អាជីវករ ព្រមទាំងសារព័ត៌មានក្នុងស្រុករបស់គេផងដែរ ក៏ខិតខំផលិត និងផ្សព្វផ្សាយជាហូរហែរ ពីភាពស្រស់ឆើតឆាយ តំបន់ទេសចរណ៍ និងវិស័យទេសចរណ៍ ដ៏ទាក់ទាញពីក្រសែរភ្នែកទេសចរណ៍ គ្រប់បណ្តាប្រទេសជុំវិញពិភពលោក ។
លោក លោក ខៀវ កាញារីទ្ធ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានសរសេរថា «សារព័ត៌មាន និងសារព័ត៌មាន ! ឃើញមិត្តជាច្រើន បានផ្ញើរូបមកឲ្យខ្ញុំតាំងពីក្រុងបាងកក ប្រទេសថៃ ពីរឿងបាញ់ប្រហារនៅក្នុងផ្សារទំនើបថៃ ក៏ចាំមើលកាសែត បាងកកប៉ុស្តិ៍ ព្រឹកនេះ ក្រែងមានរូបនិងអត្តបទពិស្តារថែម ។ តែស្ងាត់ឈឹង តែរូបមួយសន្លឹកធ្វើថ្នាំក៏មិនមានផង»។
លោក បានបញ្ជាក់ថា «គេគ្រាន់តែចុះដំណឹងខ្លីមួយនៅទំព័រក្នុង ពីការចាប់យុវជននេះតែប៉ុណ្ណោះ ។ សេរីភាពសារព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន និងទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាន គឺមើលតាមនេះឯង»។
ខ្លឹមសារខ្លីៗរបស់លោក ខៀវ កាញារីទ្ធ ច្បាស់ណាស់ចង់ធ្វើការប្រៀបធៀប ជូនចំពោះអ្នកសារព័ត៌មាន គួរសិក្សាស្វែងយល់ឲ្យច្បាស់ពីប្រភពបញ្ហា និងភាពប៉ះពាល់ពីការផ្សាយដំណឹងនីមួយៗ ថាតើមានកម្រិតប៉ះពាល់ដល់សង្គម ត្រឹមកម្រិតណា។
សូមបញ្ជាក់ថា យោងតាមសារព័ត៍មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ទូរទស្សន៍មួយរាយការណ៍ថា ជនរងគ្រោះម្នាក់ជាស្ត្រី ដែលត្រូវគេបាញ់ស្លាប់ នៅកន្លែង ចតរថយន្តភ្លាមៗ បន្ទាប់ពីនាងចុះពីរថយន្ត ដើម្បីចូលទៅក្នុងផ្សារទំនើប Siam Paragon ។ ខ្មាន់ កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណភ្លាមៗនោះ បានចុះចាញ់បន្ទាប់ពីគេរាយការណ៍ថា បានរត់ ចោលគ្រាប់កាំភ្លើង ហើយត្រូវបានចាប់ខ្លួន នៅក្នុងហាងមួយនៅជាន់ទីបី។ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានព្យាយាមរត់គេចតាមច្រកចេញពីផ្សារទំនើប ដែលភ្ជាប់ទៅនឹងសណ្ឋាគារ Siam Kempinski Hotel Bangkok។ ទោះយ៉ាងណាក៏ដោយ សណ្ឋាគារបានបិទច្រកចូលរបស់ខ្លួន នៅជាន់ទី៣៕EB