ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីកម្ពុជា ដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង៤ ក្នុងភូមិភាគឦសាន គឺមិនបានដកថយ នោះឡើយ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកគម្រោងកិច្ចសហប្រតិបត្តិការ CLV ក្នុងការសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងពន្លត់រងើកភ្លើងរបស់ក្រុមបក្សប្រឆាំងដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងខេត្តទាំង៤ ខាងលើនេះ គឺនៅតែបន្តអភិវឌ្ឍន៍ដដែល។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គោលដៅធំ CLV-DTA កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនូវគោលនយោបាយ នៅក្នុងការអភិវឌ្ឍទិសឦសានរបស់កម្ពុជា ឱ្យខេត្តរបស់យើងនៅតំបន់ដាច់ស្រយ៉ាលជាងគេនៅពេលនោះ ត្រូវរកវិធីណា ដើម្បីឱ្យកាន់តែរីកលឿន ដើម្បីភ្ជាប់ជាមួយប្រទេស សួរថា គោលដៅនេះ យើងបានដកថយឬនៅ អត់ទេ រដ្ឋាភិបាល នៅតែធ្វើដដែល អភិវឌ្ឍទិសឦសានរបស់យើង អភិវឌ្ឍខេត្តទាំង ៤របស់យើង»

សម្ដេចធិបតី បន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA មានបីប្រទេសចូលរួមពិតមែន ប៉ុន្ដែអ្នកចូលរួមឧបត្ថម្ភគាំទ្រ គឺអង្គការអន្ដរជាតិ។ សម្ដេច រំលឹកថា ក្នុងជំនួបពិភាក្សាជាមួយ សភាជប៉ុន នាពេលថ្មីៗនេះ សភាជប៉ុន បានសួរថា «ហេតុអ្វីកម្ពុជា ដកចេញពី CLV-DTA» ព្រោះថា ជប៉ុនដឹងច្បាស់ណាស់ថា CLV-DTA វាល្អ។ សម្ដេច បានតបវិញថា កុំបារម្ភរឿងនឹង បើជប៉ុន ចង់ជួយ កម្ពុជា អត់ទាន់ទៅណាឡើយ ខេត្តទាំង ៤នេះ នៅតែបន្ដអភិវឌ្ឍដដែល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ