រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្មី មិនបានកាឡៃប្រវត្តិសាស្ត្រ
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្មី សម្រាប់ថ្នាក់បឋមសិក្សាមិនបានកាឡៃប្រវត្តិសាស្រ្តទេ គឺបានធ្វើឡើងតាមការពិតនៃស្ថានភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។
លោករដ្ឋមន្រ្តីមានប្រសាសន៍បកស្រាយបំភ្លឺទាក់ទងនឹងការរៀន និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងសៀវភៅប្រវត្តិវិទ្យា នៅក្នុងកម្មវិធីសិក្សាទាំង៣កម្រិតនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅកម្ពុជាបែបនេះ បន្ទាប់ពីមានការរិះគន់ចំពោះក្រសួងបានបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្មីថ្នាក់ទី៦ដាក់រូបវិមានឈ្នះឈ្នះលើក្របមុខ មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព” ក្នុងចំណោមសៀវភៅប្រវត្តិវិទ្យាទាំង២ក្បាលទៀតនៅថ្នាក់ទី៤ និងថ្នាក់ទី៥។ សៀវភៅថ្នាក់ទី៤ ដាក់រូបភាពនៅក្របមុខ ប្រាសាទអង្គរវត្ត មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅ សម័យអង្គរដ៏រុងរឿង” និងសៀវភៅថ្នាក់ទី៥ រូបសិស្សសាលាជិះលើរទេះគោទៅសាលា មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅក្រោម អាណាព្យាបាលបារាំង”។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ចំពោះការចងក្រងសៀវភៅប្រវត្តិវិទ្យាថ្មីដើម្បីបង្រៀនសិស្សនេះ គឺបានរក្សាខ្លឹមសារប្រភពដើមទាំងអស់ចាប់តាំងពីទស្សវត្សទី៧០ រហូតមកដល់បច្ចុប្បន្ន ដោយគ្មានកាឡៃប្រវត្តិសាស្រ្តបន្តិចណានោះទេ គ្រាន់តែថែមចំណុចខ្លះៗដែលកម្ពុជាកំពុងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ។
រដ្ឋមន្រ្តីគូសបញ្ជាក់ថា «គឺយើងបានគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ មិនឲ្យមានការកាឡៃប្រវត្តិសាស្រ្តទេ ប៉ុន្តែត្រូវតែនិយាយតែទៅលើការពិតជាក់ស្តែង ។ ក្នុងសៀវភៅថ្មីនេះ យើងមានបន្ថែមពីចំណុចថ្មីមួយចំនួនគឺតួនាទីរណស្សិសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប៉ុលពត ក៏ដូចជាផែនទីនៃការរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត»៕