ចិនបង្ហាញប្រតិកម្មចំពោះការចោទប្រកាន់របស់ ប្រធានាធិបតីអាមេរិកដែលប្រធានាធិបតីខ្លួនថាជា“ជនផ្តាច់ការ”
ចិន៖ នៅថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ក្រសួងការបរទេសចិន បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលប្រដូចមេដឹកនាំចិន ស៊ី ជីនពីង ទៅនឹង “ជនផ្តាច់ការ” ថាជា “ការញុះញង់នយោបាយដោយបើកចំហ”។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បានហៅការលើកឡើងរបស់លោក បៃដិន ថាជារឿងគួរឲ្យអស់សំណើចបំផុត។អ្នកនាំក្រសួង លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “ការកត់សម្គាល់របស់ភាគីអាមេរិក គឺគួរឲ្យអស់សំណើចណាស់ និងគ្មានទំនួលខុសត្រូវ។ ពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីសារការទូត និងសេចក្តីថ្លៃថ្នូរនៃនយោបាយរបស់ប្រទេសចិន។ ចិន មិនពេញចិត្តទាល់តែចំពោះរឿងនេះ និងសូមប្រឆាំងយ៉ាងដាច់អហង្ការ”។
គួររំលឹកផងដែរថា ការប្រតិកម្ម និងថ្កោលទោសនេះ កើតឡើងក្រោយ លោក បៃដិន និយាយថា លោក ស៊ី ខឹងសម្បាចំពោះឧប្បត្តិហេតុមួយកាលពីខែកុម្ភៈ នៅពេលបាឡុងរបស់ចិន ហោះពីលើសហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង។ លោក បៃដិន និយាយថា “មូលហេតុដែលលោក ស៊ី ជីនពីង ខឹងខ្លាំង គឺពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងដែលផ្ទុកឧបករណ៍ចារកម្មនៅក្នុងនោះ។ វាគឺជាភាពអាម៉ាស់ខ្លាំងណាស់សម្រាប់ជនផ្តាច់ការ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង”៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង