ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ជូននរគបាលកម្ពុជា នឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជា ធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះ នៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក Pablo Kang បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ ក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ លោកថា អូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

លោក បន្តថា នគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះ  លោកសង្ឃឹមថា «នឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះ នៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ»។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកទូត បានបញ្ជាក់ថា បញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះឯកឧត្តម ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រាលីដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

សម្ដេច ក៏បានឯកភាពថាជាការពិត ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និតជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសាកលោក។ សម្ដេច បន្តថា ដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា។

សម្ដេច ក៏បង្ហាញក្ដីរីករាយ និងស្វាគមន៍ចំពោះការជួយគាំទ្រពីសំណាក់ភាគីអូស្ត្រាលីមកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ សម្ដេច បានជម្រាបបន្ថែមថា ក្រៅពីការងារនេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយស្មុគស្មាញដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ដែរ។

សូមរំលឹកថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ