ខេត្តសៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំ​ណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងកា​រខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀ​បចំផែនការ ​ជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។

 

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណា​យបានចាប់ផ្តើ​​មតាំងពី​ដើមខែសីហាឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២​២​ខាងមុខ។ បច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏​រងខូច​ខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋាន​ថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ។ ដោយឡែក ខឿនថ្មបាយ​ក្រៀ​មបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោ​មនៅ​តាមជ្រុងខ្លះ ជាមួយគ្នានេះដើមឈើ ឬសឈើបានចាក់ជ្រែកចូលថ្មដោយកង្វះការថែទាំ។

 

ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែ ការដ្ឋាន​នេះ ស្ថិ​តនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន  ដែលអាច​ធ្វើឱ្យកម្លាំ​ងមនុ​ស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។

 

ពាក់ព័ន្ធនិងសំណ​ង់បុរាណតម្កល់លិ​ង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជា​ក់ពីកា​លប​រិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទ​យសោវរ្ម័នទី​១៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ