ភ្នំពេញ៖ កម្មវិធីកីឡាជាតិលើកទី ៣ នឹងឈានដល់ទីបញ្ចប់នៅថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០២២ ខាងមុខនេះហើយ ហើយកម្មវិធីបិទក៏នឹងប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឯពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញ។

យ៉ាងណាមិញ នារសៀលថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២២ នេះ ក្រដាសកាលវិភាគនៃកម្មវិធីបិទកីឡាជាតិ លើកទី៣ ត្រូវបានចែកចាយពេសពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជនជាតិខ្មែរទាំងមូលមានការចាប់អារម្មណ៍យ៉ាងក្រៃលែង។

ជាមួយគ្នានោះ អ្វីដែលកាន់តែធ្វើឱ្យរំភើបចិត្ត គឺនៅក្នុងក្រដាសកាលវិភាគបានបង្ហាញយ៉ាងច្បាស់ៗពីការសម្ដែងទស្សនីយភាពពីកំពូលតារាចម្រៀង ឱកសុគន្ធ កញ្ញា ដែលនឹងត្រៀមសម្ដែងជាមួយបទ «ក្រោកឈរ» រីឯកំពូលតារារ៉េប វណ្ណដា វិញ ក៏នឹងសម្ដែងបទ «Time To Rise» នៅក្នុងថ្ងៃនោះផងដែរ។

បន្ទាប់ពីរឿងមួយនេះត្រូវបានចែកចាយពេញបណ្ដាញសង្គមហើយ មហាជនជាពិសេសអ្នកគាំទ្ររបស់កំពូលតារាចម្រៀងទាំង ២ រូប បានបង្ហាញការពេញចិត្ត និង មោទកភាពចំពោះតារាក្នុងដួងចិត្តរបស់ពួកគេយ៉ាងច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ