ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ដ្រីនគរបាលជាតិ ពាក់ផ្ដាយ អត់រៀនវគ្គបណ្ដុះបណ្ដាលប៉ូលិស គឺអន់ណាស់ និងអត់មានតម្លៃ ព្រមទាំងអត់មានកិត្តិយស ផងដែរ។
ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ម្យ៉ាងដើម្បីមុខមាត់យើង កុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលិស អាហ្នឹងអន់ណាស់ អត់មានតម្លៃទេ អត់មានកិត្តិយសទេ។ ទីពីរទៀត គឺដើម្បីជាគម្រូសម្រាប់កូនចៅយើងជាមន្រ្តីនគរបាល។ ដែលហៅថាប៉ូលិសមានវិជ្ជាជីវៈត្រឹមត្រូវ គឺត្រូវតែបានរៀនសូត្រ»។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកឡើងវិញនូវអ្វីដែលសម្ដេច ធ្លាប់បានគូសបញ្ជក់អំពីការងារកំណែទម្រង់នគរបាលជាតិ ដូចជាការជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ការបណ្ដុះបណ្ដាលនិងបញ្ចូលក្របខណ្ឌ ការតែងតាំងនិងប្រគល់ភារកិច្ច រួមទាំងការតម្លើងស័ក្ដិនិងការដាក់វិន័យជាដើម។
សម្ដេចក្រឡាហោម បន្តថា ការបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ដឹកនាំមន្រ្តីនគរបាលដូចដែលទើបតែបញ្ចប់នេះ ត្រូវតែបន្តដំណើរការទៅមុខទៀត ពីព្រោះគ្មានជម្រើសអ្វីក្រៅពីការរៀនសូត្រនោះទេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ដាស់តឿនទៀតថា «ម្នាក់ៗសុទ្ធតែមានអស់ហើយនូវការរៀនសូត្រ បុណ្យុស័ក្ដិ ឬទ្រព្យសម្បត្តិ តែអ្វីដែលត្រូវមានចាំបាច់បំផុតនោះ គឺការកសាងកិត្តិយសមុខមាត់របស់យើងម្នាក់ៗ។ យើងម្នាក់ៗធ្វើល្អក៏ជួយឱ្យគ្រួសារយើង សង្គមយើង និងជួយឱ្យជួរនគរបាលជាតិយើងមានកិត្តិយស មានមុខមាត់ដែរ។ ចៀសវាងចេញទៅដើរពើងទ្រូង អញផ្កាយ៣ អញផ្កាយ៤ ចង់ឱ្យគេស្គាល់ មិនមែនទៅសំឡុតគំរាមកំហែងឱ្យគេស្គាល់ទេ ត្រូវធ្វើសកម្មភាពល្អ គេនឹងស្គាល់ហើយ។ ត្រូវខិតខំធ្វើម៉េចកសាងអនាគតខ្លួនឯងឱ្យបានល្អ»៕