ភ្នំពេញ  ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ  នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ  ថា "ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភវិឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្យ នឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពោលនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣"។ 

លោក  បានបញ្ជាក់បន្ថែមថា ក្រោយផុតរយៈពេល៣ថ្ងៃ ដែលបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ននេះ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់តែម្ដង ក្នុងករណីអាកាសធាតុអំណោយផលល្អ នៅថ្ងៃទី២៣ ខែតុលា។

គួរជម្រាបថា ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។  មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥% ហេីយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ