សម្ដេចក្រឡាហោម ស ខេង ៖ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ សម្ដេច ទទួលបាននេះ គឺជាការខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ សម្ដេច ទទួលបាននាឱកាសនេះ គឺជាការខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់ បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នា នៅក្នុង វិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។
សម្ដេច មានប្រសាសន៍ទៀតថា« សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។
ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេច ក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។
ជាមួយគ្នានេះ សម្ដេចក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕EB