កម្ពុជាជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត រហូតដល់ ៦,១% ក្នុងចំណោមប្រទេសទាំង ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៤
ភ្នំពេញ ៖កម្ពុជាជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងតំបន់រហូតដល់ ៦,១% ក្នុងចំណោមប្រទេសទាំង ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលហ្វីលីពីនមានកំណើន ៥,៩% និងវៀតណាមកើន ៥,៨%។នេះបើតាមការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៤ របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើឡើងក្នុងខែតុលា ២០២៣ ។
សូមបញ្ជាក់ផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាអង្គការអន្តរជាតិមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ស្ថិរភាពហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយភាពក្រីក្រ។ មូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ក្រោយពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៣០។ ដោយឡែក ប្រទេសកម្ពុជាបានចូលជាសមាជិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៦៩។
ប្រទេសជាសមាជិកស្ថាបនិកចំនួន ៤៤ បានព្យាយាមបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ សព្វថ្ងៃនេះប្រទេសជាសមាជិកភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិមានចំនួន ១៩០ ដោយស្ថានប័នអន្តរជាតិមួយនោះមានបុគ្គលិកមកពី ១៥០ ប្រទេស៕