ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
តាមរបាយការណ៍ បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គឹតត្រឹមឆមាសទី១ ឆ្នាំ២០២៣ មានចំនួន១៨៧,១០៦,៩៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៨៤២,០០៣ដុល្លារ»។
ក្នុងឆមាសទី១ ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ ១ ៣៤៤ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៥២ដុល្លារ ក្នុង១តោន ស្មើនឹង១៥.៨១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ ៣០៦ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
សូមរំលឹកថា ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕EB