ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ហើយការចូលរួមរបស់ពលរដ្ឋ ក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សា ក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា។

នាឱកាសអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោត នៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោក Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៩៣មក ក្នុងនោះ កម្ពុជាបានដំណើរការបោះឆ្នោតជាសកលចំនួន២ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលកំពុងដំណើរការនីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥ កាលពីឆ្នាំ២០២២។

សម្ដេច បន្ថែមថា នៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន ២ទៀត ដែរគឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

សម្ដេច គូសបញ្ជាក់ថា «ជាទូទៅនៅកម្ពុជាក្នុងរយៈពេល ៣ទសវត្ស ចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា»។

សម្ដេច ស ខេង បន្ដថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ  និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។

លោក Desire NYARUHIRIRA បានលើកឡើងថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំង រៀបចំការបោះឆ្នោត អង្គការ OIF តែងចាត់បញ្ជូនប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះ គឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ