រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា២៣ម៉ឺនដុល្លារបន្ថែម ក្នុងមួយឆ្នាំៗ លើរបបថែទាំសុខភាពសម្រាប់បុគ្គលិកបម្រើការសេវាកម្សាន្ដ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ ៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានថ្លែងថា រាជរដ្ឋាភិបាល ប៉ាន់ប្រមាណថាក្នុងមួយឆ្នាំៗ រដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ២៣ម៉ឺនដុល្លារបន្ថែមទៀត ទៅលើរបបថែទាំសុខភាព សម្រាប់បុគ្គលិកបម្រើការសេវាកម្សាន្ដ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលទើបនឹងប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនានេះ។
លោក ចន ណារិទ្ធ ថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការដាក់ឲ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សម្រាប់បុគ្គលិកបម្រើការសេវាកម្សាន្ដ» នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
លោក បានលើកឡើងថា ការប៉ាន់ប្រមាណថា នឹងចំណាយថវិកាក្នុងកម្រិតនេះ ដោយសារបច្ចុប្បន្នកម្ពុជាបានអនុវត្តរបបថែទាំរបបថែទាំសុខភាព ពីរ ហើយ គឺទី១ របប ប.ស.ស ដែលមួយចំនួនធំបានស្ថិតនៅក្នុងប្រព័ន្ធដែលទទួលបានការគ្របដណ្តប់ និង ទី២ បបមូលនិធិ ដែលប្រសិនបើគាត់ស្ថិតក្នុងភាពក្រីក្រ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពីរបបនេះ។
បើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារបានឱ្យដឹងថា គិតមកដល់ពេលនេះ ចំនួនអ្នកដែលបានចុះបញ្ជីរួចរាល់មានចំនួន២ ១៤៦នាក់ ក្នុងនោះស្រ្តីមានចំនួន១ ៤២៧នាក់។ ក្រសួងនឹងបង្កើនល្បឿនក្នុងការចេញបណ្ណនេះឱ្យបានច្រើនជាអតិបរមា។
សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា៕EB