អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ កំពុងដំណើរការគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់ពីក្រសួងព័ត៌មាន
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចឲ្យអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣ខែ។ នេះបើតាមលិខិតពីគណៈរដ្ឋមន្រ្តីនាថ្ងៃ៣០ តុលា ហើយផ្សាយជាសាធារណៈនាថ្ងៃ២ វិច្ឆិកា ។
លិខិតបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ឲ្យក្រសួងព័ត៌មានសម្រេចលើកិច្ចការងារទាំងអស់នេះ ហើយក្នុងករណីផុតរយៈពេលកំណត់ ៣ខែនេះ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
ជាមួយគ្នានេះដែរ លិខិតក៏បានស្នើឲ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
ក្នុងនោះក៏មានការលុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីហើយមិនដំណើរការក្នុងរយៈពេល១ឆ្នាំផងដែរ ។
ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពឲ្យក្នុងរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សា រយៈពេលយូរ៕