ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា ផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហលើគ្រប់វិស័យ និងគ្មានការរឹតបន្តឹងលើកម្មសិទ្ធិផងដែរ។

នាឱកាសអញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ក្នុងពិធីបើកសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី «ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា» នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទ នាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថា «កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ»។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ដថា កម្ពុជា ក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា កម្ពុជា ជាប្រទេសនៅចំណុចកណ្ដាល នៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

លើសពីនេះ លោក ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យលើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម ស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ខណៈពេលដែលបន្តអភិវឌ្ឍឧស្សាហកម្មទំនើបដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ