ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណជាង ២៥៨ លានដុល្លារ ដែលចំនួននេះ ធៀបនឹងឆ្នាំ ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាម របាយ ការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល ៦ខែ ពោលគឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០២៣ ការនាំចេញ របស់កម្ពុជា ទៅអូស្រ្តាលី មានតម្លៃជាង ១៨០លានដុល្លារ និងការនាំចូលមកវិញ មានចំនួនជាង ៧៧លានដុល្លារ អាមេរិក។
ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា អូស្រ្តាលីមានតម្រូវការលើផលិតផល ច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង ចំណិត ចេក ក្រៀម ដែលបានសិក្សាដោយកម្មវិធី ចង្វាក់ តម្លៃ កសិកម្ម កម្ពុជា-អូស្ដ្រាលី (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។ ហើយអូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ៕EB