ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសគាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបន្ដអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។

អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយមាន លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយក្តីរំពឹងថា ក្រោមកិច្ចបន្តវេនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា សម្ដេច នឹងចាកចេញពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ប៉ុន្ដែ សម្ដេច គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «ខ្ញុំ គាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជម្នះបានបញ្ហាទាំងឡាយដែលបានកំពុងកើត ដើម្បីនាំកម្ពុជា មានសុខសន្ដិភាព ស្ថិរភាព និងមានការអភិវឌ្ឍបន្ដទៀត»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា សម្រាប់មន្ដ្រីក្រសួងមហាផ្ទៃ អ្នកខ្លះផ្ទេរចេញកន្លែងថ្មី និងអ្នកខ្លះទៀតបន្ដការងារក្នុងក្រសួងមហាផ្ទៃដដែល។ សម្ដេច ផ្ដាំផ្ញើដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងធ្វើការងារបន្ដទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើជាតិ និងប្រជាជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ