ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបជាង ៧៨៧លានដុល្លារអាមេរិក។ នេះបើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣នេះ, រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧.៥០លានដុល្លារអាមេរិក សមមូលនឹង ៥៨៦.៩១ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ៣៥% នៃពិតានដែលច្បាប់អនុញ្ញាត (១,៧០០លានអេសដេអ៊ែរ)»។

ក្រសួង បញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបជាង៧៨៧លានដុល្លារនេះ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ៥១% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៤៩%។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបក្នុងពីរត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ មានកំណើនប្រមាណ ២៤%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទាន មានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។

បើតាមក្រសួងសេដ្ឋកិច្ច គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ